ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

            រាជរដ្ឋាភិបាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

 

សេចក្តីប្រកាសព័ត៌មាន

 

       នារសៀលថ្ងៃអង្គារ៍ ១៥ រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរៀបចំសិក្ខាសាលាស្ដីពីការកំណត់យុទ្ធសាស្ត្រអាទិភាព ក្នុងការរៀបចំឯកសារក្របខ័ណ្ ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩-២០២៣ (United Nation Development Assistance- UNDAF )។ អង្គសិក្ខាសាលាត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) រួមជាមួយលោកជំទាវ Claire Van der Vaeren ប្រធានសម្របសម្រួល ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ អង្គសិក្ខាសាលានេះ មានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីបច្ចេកទេស តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាលកម្ពុជា មានចំនួន ២៤ ក្រសួង/ស្ថាប័ន ប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាទាំងអស់ ដៃគូអភិវឌ្ឍន៍ពហុភាគីនិងទ្វេភាគី អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នអ្នក សិក្សាស្រាវជ្រាវ ផងដែរ។

       អង្គសិក្ខាសាលាមានគោលបំណងធ្វើការពិនិត្យ និងពិភាក្សា លើលទ្ធផលការវិភាគស្ថានភាពប្រទេស (Common Country Assessment- CCA) ដើម្បីកំណត់ទិសដៅវិស័យអាទិភាពសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំឯកសារក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩-២០២៣ ។

       លទ្ធផលការវិភាគស្ថានភាពប្រទេសបានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចេរភាព ក្នុងអត្រាខ្ពស់ ៧,៦ % ក្នុង ១ឆ្នាំ អត្រាអតិផរណាទាបក្រោម ៥% ការកាត់បន្ថយភាពក្រីក្រថយមកនៅត្រឹម ១៣,៥ % និងការកើនឡើងសន្ទស្សន៍ នៃការអភិវឌ្ឍន៍មនុស្សនៅកម្ពុជា (HDI) មកនៅត្រឹម ០,៥៦៣ រួមទាំងការសម្រេចបានឋានជាប្រទេសមានចំនូលមធ្យមកម្រិតទាប ចាប់តាំងពីឆ្នាំ២០១៥ ។

       បន្ទាប់ពីការពិភាក្សា អង្គសិក្ខាសាលាបានឯកភាពកំនត់យកវិស័យអទិភាពចំនួន ៤ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំ UNDAF 2019-2023 រួមមាន៖

       ១. ជំរុញកំណើនសេដ្ឋកិច្ច និងសេវាសង្គម (ការជម្រុញផលិតភាព ការកសាងធនធានមនុស្ស ការទទួលបានសេវាគាំពារសង្គម និងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌ )  

       ២.លើកកម្ពស់ការរស់នៅប្រកបដោយចីរភាព (ការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់ជីវភាពរស់នៅបែបធម្មជាតិ ការថែរក្សាបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី )  

       ៣. ការគ្រប់គ្រងនគរូបនីយកម្ម ( បង្កើតការងារក្នុងតំបន់ប្រជុំជន ធានាសុវត្ថភាព លើកកម្ពស់អភិបាលកិច្ចនៅតាមទីក្រុង និងផ្តល់សេវាគាំពាផ្នែកច្បាប់និងសេវាសង្គម ការគ្រប់គ្រងចំណាកស្រុក)  

       ៤. ពង្រឹងគណនេយ្យភាព និងការចូលរួម (កំណែទម្រង់រដ្ឋបាលសាធារណៈ ការកែលម្អអភិបាល កិច្ច វិមជ្ឈការនិងវិសហមជ្ឈការថ្នាក់ក្រោមជាតិ )  

       វិស័យអទិភាពទាំង ៤ នេះ នឹងគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការសម្រចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ និងចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ ២០៣០ (SDGs)។  

             រាជធានីភ្នំពេញ ថ្ងៃទី ខែ មករា ឆ្នាំ ២០១