ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជរដ្ឋាភិបាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មាន
នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋាភិបាល (ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានកិច្ច
សហការជាមួយស្ថានទូតអូស្ត្រាលី បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (Investing In Infrastructure - 3i)។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គ.ជ.នា/ក.អ.ក និងលោកស្រី Ruth Stewart អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ
អន្តរជាតិអូស្ត្រាលី និងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីបច្ចេកទេសទាំងខាងកម្ពុជា និងអូស្ត្រាលី។
អង្គប្រជុំបានផ្ដោតការពិភាក្សាលើរបៀបវារៈ ៣ គឺ៖
-
របាយការណ៍វឌ្ឍនភាពការងារក្នុងឆ្នាំ ២០១៧
-
ពិនិត្យ និងពិភាក្សាអំពីលទ្ធភាពបន្តរយៈពេល និងបន្ថែមថវិកាសម្រាប់អនុវត្តកម្មវិធី
-
ផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៨
កិច្ចប្រជុំបានដំណើរការដោយរលូន និងផុលផុស ក្នុងស្មារតីភាពជាដៃគូ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ អង្គប្រជុំបានពិភាក្សា និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០១៧ និងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ ដោយបានឯកភាពលើទិសដៅ និងសកម្មភាពលម្អិត
សម្រាប់បន្តគាំទ្រវិស័យអគ្គិសនី និងទឹកស្អាតបន្ថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់អនុវត្តកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់រយៈពេល ៥ ឆ្នាំ ដោយបានគ្រោងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៥ លានដុល្លារអូស្ត្រាលី។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺការកសាងប្រព័ន្ធចែកចាយថាមពលអគ្គិសនី និងការផលិតទឹកស្អាត និងការកសាងប្រព័ន្ធចែកចាយនៅតាម
ទីប្រជុំជន និងតំបន់ជនបទ ដើម្បីអោយប្រជាជនមានលទ្ធភាពប្រើប្រាស់ច្រើន និងប្រសើរជាងមុននូវសេវាទាំងនេះ ក្នុងគោលដៅបន្តលើកកម្ពស់
ជីវភាពរស់នៅរបស់ប្រជាជន។ លើសពីនេះ កម្មវិធីនេះក៏រួមចំណែកអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម
កម្ពុជា ឆ្នាំ២០១៥-២០២៥ តាមរយៈការចុះកិច្ចសន្យាជាមួយប្រតិបត្តិករឯកជនសម្រាប់អនុវត្តគម្រោង។
គិតត្រឹមឆ្នាំ២០១៧ កម្មវិធីនេះបានសម្រេចគាំទ្រប្រតិបត្តិករឯកជនចំនួន ៤៥ ក្នុងនោះ ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ចំនួន ៣១ ក្រុមហ៊ុន និងប្រតិបត្តិករផ្គត់ផ្គង់អគ្គិសនី ចំនួន ១៤ ក្រុមហ៊ុន។ ការគាំទ្រនេះ គឺនឹងជួយពន្លឿនការតភ្ជាប់បណ្ដាញផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីជូនគ្រួសារ
ប្រជាជននៅជនបទប្រមាណ ១៣៤.១៩៧ គ្រួសារ ។ សម្រាប់ឆ្នាំ២០១៨ កម្មវិធីមានផែនការគាំទ្រដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី ចំនួន ៥២ ក្រុមហ៊ុនបន្ថែមទៀត។
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨
|