ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

            រាជរដ្ឋាភិបាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

 

សេចក្តីប្រកាសព័ត៌មាន

 

       នារសៀលថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) មានរៀបចំ កិច្ចប្រជុំរវាងរាជរដ្ឋាភិបាល និងប្រ ព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងឆ្នាំ​ ២០១៥ នៃការអនុវត្តក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិ បត្តិការ អភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ ២០១១-២០១៥ (UNDAF 2011-2015) និងកំណត់សកម្មភាពឤទិភាពរបស់ប្រព័ន្ធអង្គការសហប្រ ជាជាតិ សម្រាប់ឆ្នាំ ២០១៦។ កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Claire Van der Vaeren ប្រធានអ្នកសម្របសម្រួលនៃ ប្រព័ន្ធអង្គការសហ ប្រជាជាតិប្រចាំកម្ពុជា។ សមាសភាពភាគីកម្ពុជាដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ លោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនា យក និងមន្ត្រីបច្ចេកទេស ដែលជាតំណាងមកពីក្រសួងនិងស្ថាប័ន ចំនួន ២៧ ។ រីឯខាងប្រព័ន្ធអង្គការសហប្រជាជាតិ រួមមាន ៖ ប្រធាន ឬ តំណាងជាន់ ខ្ពស់នៃអង្គការ UNICEF, UNDP, UNESCO, UNIDO, UNFPA, UNOPS, UNV, UNAIDS, UNWOMEN, UNODC, WFP, WHO, FAO, IFAD, និង ILO ។

       ដូចសព្វមួយដង ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល និងប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសហការ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ក្នុងគោល បំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដោយផ្តោតការពិភាក្សាលើ លទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត ក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ព្រមទាំងរួមគ្នាកំណត់បណ្តាសកម្មភាពឤទិភាពដើម្បីអនុវត្តក្នុងឆ្នាំ២០១៦។

       ក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ (UNDAF) គឺជាឯកសារគ្រឹះ របស់ប្រព័ន្ធអង្គការសហប្រជាជាតិ សម្រាប់ផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅនៃយុទ្ធសាស្ត្រ ចតុកោណ-ដំណាក់កាលទី ៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូ ឆ្នាំ ២០១៤-២០១៨ ។ តាមរយៈ UNDAF 2011-2015 ប្រព័ន្ធអង្គការសហប្រជាជាតិ បានផ្តល់ការគាំទ្រ ដោយ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តការ និងការគាំទ្របច្ចេកទេស សម្រាប់វិស័យឤទិភាព ៥ គឺ ៖ ១-កំណើនសេដ្ឋកិច្ចនិងកិច្ច អភិវឌ្ឍន៍ប្រកបដោយចីរភាព ២-វិស័យសង្គមកិច្ច ៣-យេនឌ័រ ៤-អភិបាលកិច្ច និង ៥-ការគាំពារសង្គម ។ ផ្អែកតាមបរិការណ៍ប្រែប្រួលខាងសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រព័ន្ធអង្គការសហប្រជាជាតិ ដោយបានសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល បានរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិ ការអភិវឌ្ឍន៍ (UNDAF 2016-2018) ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៤ ហើយតាមរយៈការពិភាក្សាជាច្រើនលើកជាមួយតួអង្គអភិវឌ្ឍន៍ ក្របខ័ណ្ឌហិរញ្ញប្ប ទាននេះត្រូវបាន អនុម័តពីរាជរដ្ឋាភិបាល កាលពីខែ មេសា ឆ្នាំ ២០១៥ ។ UNDAF 2016-2018 បានផ្តោតលើវិស័យអាទិភាពដូចតទៅ ៖   ១-កំណើន សេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព ២-ការអភិវឌ្ឍវិស័យសង្គមកិច្ច ការគាំពារសង្គម និងការអភិវឌ្ឍធនធានមនុស្ស ៣-អភិបាលកិច្ច សិទ្ធិ មនុស្ស និងបញ្ហាអន្តរវិស័យ ។

       យោងតាមប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បាទានសហប្រតិបត្តិការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រព័ន្ធអង្គការ សហប្រជាជាតិបានបើកផ្តល់ ហិរញ្ញប្បទាន ៧៥ លានដុល្លារឤមេរិក ក្នុងឆ្នាំ ២០១៥ និងគ្រោងផ្តល់ហិរញ្ញប្បទាន សម្រាប់ អនុវត្តក្របខ័ណ្ឌហិរញ្ញប្បទាន ២៦៤ លានដុល្លារឤមេរិក សម្រាប់រយៈពេល ៣ ឆ្នាំ ២០១៦-២០១៨  ក្នុងនោះ ៥៣ លាន ដុល្លារឤមេរិក ជាហិរញ្ញប្បទានផ្ទាល់របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ហើយ ៣៤ លានដុល្លារឤមេរិក ជាធនធាន ទទួលបានពីប្រភពផ្សេងៗ និងត្រូវកៀរគរហិរញ្ញប្បទានបន្ថែម ១៧៧ លានដុល្លារឤមេរិក ។

 

             រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦