នាថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប
ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សា
អភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន-ដំណាក់កាលទី៤ (Regional
Economic Development Programme Phase IV–RED IV) បានដឹកនាំកិច្ចប្រជុំលើកទី ១ ក្នុងឆ្នាំ ២០១៩ របស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ
សម្រាប់កម្មវិធី RED IV ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ដែលជាតំណាងពីក្រសួង និង
សា្ថប័នពាក់ព័ន្ធចំនួន ១១, តំណាងរដ្ឋបាលខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ, សា្ថនទូតអាល្លឺម៉ង់ប្រចាំកម្ពុជា,
ទីភា្នក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង សហប្រតិបត្តិការ (SDC), ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ) និងមន្រ្តីកម្មវិធី
RED IV សរុប ប្រមាណ ៤០ រូប ។ គោលបំណង ចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពឆ្នាំ ២០១៨
នៃការអនុវត្តកម្មវិធីក្នុងខេត្តគោលដៅទាំង៤, និងពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការប្រតិបតិ្តរបស់កម្មវិធីសម្រាប់ឆ្នាំ២០១៩ ។
អង្គប្រជុំបានពិភាក្សាយ៉ាងសកម្មលើបទបង្ហាញ, របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ
ដែលកម្មវិធីសម្រេចបានក្នុងឆ្នាំ២០១៨ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងផលិតកម្មកសិកម្ម នៅថ្នាក់មូលដ្ឋាន ពិសេសការកាត់
បន្ថយភាពក្រីក្រ, ការលើកកម្ពស់សា្ថនភាពសេដ្ឋកិច្ចរបស់គ្រួសារ និងការបង្កើនឱកាសការងារ សម្រាប់ប្រជាជនតាមមូលដ្ឋាន ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងផ្តល់អនុសាសន៍សំខាន់ៗលើផែនការប្រតិបត្តិឆ្នាំ ២០១៩ រួមមាន៖ ១) ការបង្កើនចំនួនចូលរួមរបស់ស្រី្ត, គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងកម្មវិធី, និង ២) ការពិនិត្យឡើងវិញលើ រចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឲ្យស្របតាមបរិបទកម្ពុជា ក៏ដូចជារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង-ស្រុកថ្មី ដែលទើបត្រូវបានឯកភាពដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីចុងខែមករា ឆ្នាំ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សម្រាប់តម្រង់ទិសដល់ការអនុវត្តផែនការប្រតិបត្តិនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។
ចុងបញ្ចប់អង្គប្រជុំបានអនុម័តជាឯកច័្ឆនលើរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៨ និងផែនការប្រតិបត្តិ និងថវិការបស់កម្មវិធី RED IV សម្រាប់ឆ្នាំ
២០១៩ ។ តាមរយៈការបេ្តជា្ញចិត្តរបស់ភាគីអាល្លឺម៉ង់ និងស្វីសក្នុងកិច្ចប្រជុំនាថ្ងៃនេះកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននេះ នឹងទទួលបានការគាំទ្រ
សម្រាប់ដំណាក់កាលបន្តបន្ទាប់ ពីឆ្នាំ២០២២ ។
គួររំឭកផងដែរថា កម្មវិធី RED IV គាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីសសម្រាប់រយៈពេល ៣ ឆ្នាំ២០១៨-២០២១ មានថវិកាសរុបប្រមាណ ៨,៤១
លានអឺរ៉ូ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរង្វង់ ១០% ហើយមានវិសាលភាពគ្របដណ្តប់ខេត្តគោលដៅចំនួន ៤ គឺ ខេត្តបន្ទាយមានជ័យ,
ឧត្តរមានជ័យ, ព្រះវិហារ និងសៀមរាប (សម្រាប់តែវិស័យទេសចរណ៍) ។ គោលដៅចម្បងរបស់កម្មវិធីនេះគឺការបង្កើន
ឱកាសការងារ និងលើកកម្ពស់សា្ថនភាពសេដ្ឋកិច្ចរបស់ប្រជាជននៅតាមជនបទក្នុងខេត្តគោលដៅតាមរយៈការពង្រឹងអភិបាលកិច្ចសម្រាប់ការអភិវឌ្ឍ
សេដ្ឋកិច្ចមូលដ្ឋាន, ការលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរៈកិច្ចមូលដ្ឋាន, និងការលើកកម្ពស់តម្លៃបន្ថែមក្នុងសង្វាក់ផលិតកម្មកសិកម្ម ៕
|
ខេត្តសៀមរាប, ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|