សុន្ទរកថា

របស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ   គាត ឈន់ អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍

រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋឤមេរិក

 

វិមានរដ្ឋាភិបាល

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៦

 

????????????

                                          - ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋឤមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

                                          - លោកជំទាវ Rebecca Black ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសហរដ្ឋឤមេរិក

                                          - លោកជំទាវ ឯកឧត្តម សមាជិក សមាជិកានៃរាជរដ្ឋាភិបាល

                                          - លោកជំទាវ ឯកឧត្តម លោកស្រី អស់លោកដែលមានវត្តមាននាពេលនេះ

 

១-        ថ្ងៃនេះ   ខ្ញុំពិតជាមានកិត្តិយស   និងសេចក្តីសោមនស្សរីករាយ ដោយបានទទួលការប្រគល់សិទ្ធិដ៏ខ្ពង់ខ្ពស់ពី  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា    ចុះហត្ថលេខាជាមួយឯកឧត្តម  William A. Heidt ឯកអគ្គរដ្ឋ ទូតសហរដ្ឋឤមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ   Rebecca Black    ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសហរដ្ឋឤមេរិក (USAID) លើកិច្ចិព្រមព្រៀងហិរញ្ញប្បទានឥតសំណង ២ គឺ ៖

          - កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធី "សុខភាពសាធារណៈ និងការអប់រំ" និង

          - កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធី "កសិកម្ម និងបរិស្ថាន"

          ជាមួយគ្នានេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ   ចំពោះវត្តមានរបស់ លោកជំទាវ  ឯកឧត្តម ជាសមាជិក សមាជិការាជរដ្ឋាភិបាល  និងលោកស្រី អស់លោក  តំណាងក្រសួង  និងស្ថាប័ននៃ រាជរដ្ឋាភិបាល  ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់  ដែលបានឆ្លៀត ពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមក្នុងពិធីចុះ ហត្ថលេខានាពេលនេះ ។         

២-        កិច្ចព្រមព្រៀងទាំង ២ ដែលទើបបានចុះហត្ថលេខានេះ បានគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមា​ណ​ជិត ៣៥,៥០ លានដុល្លារឤមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០១៥ ដើម្បីអនុវត្តកម្មវិធី "សុខភាពសាធារណៈ និងការអប់រំ" ដែលមានហិរញ្ញប្បទានប្រមាណជាង ២៤ លានដុល្លារ និងកម្មវិធី "កសិកម្ម និងបរិស្ថាន" ដែលមានហិរញ្ញប្បទាន ប្រមាណជិត ១១ លានដុល្លារ ។ ហិរញ្ញប្បទាននេះមិនរាប់បញ្ចូលហិរញ្ញប្បទានដែលបាន ផ្តល់សម្រាប់បន្តអនុវត្ត កម្មវិធីមួយចំនួន មុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្ងៃនេះ បន្ទាប់ពីការឯកភាពរបស់រាជរដ្ឋាភិបាលលើសំណើ របស់ភាគី សហរដ្ឋឤមេរិកឡើយ ។ គោលដៅចម្បងនៃកិច្ចព្រមព្រៀង ក៏ដូចជាកម្មវិធីសកម្មភាពសម្រាប់អនុវត្ត គឺ ការបន្តគាំទ្រវិស័យឤទិភាព ៣ នៃកិច្ចសហ ប្រតិបត្តិការកម្ពុជា-ឤមេរិក រួមមាន ៖ វិស័យសង្គមកិច្ច ការជំរុញ កំណើនសេដ្ឋកិច្ច និងអភិបាលកិច្ច ដែលជាវិស័យឤទិភាពនៃ យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៣ របស់រាជ រដ្ឋាភិបាល ។ ក្នុងន័យនេះ ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំញេះរដ្ឋាភិ បាលសហរដ្ឋ ឤមេរិក និងប្រជាជនឤមេរិក ដែលបានបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តឱ្យបាន សម្រេចនូវគោលដៅ នៃកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ។

៣-       ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ និងសំដែងអំណរគុណ ចំញេះក្រុមចរចាកម្ពុជា ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា និងក្រុមចរចាសហរដ្ឋឤមេរិក ដឹកនាំដោយលោកជំទាវ Rebecca Black ប្រធាន USAID ដែលបានពិភាក្សា ត្រង់ទៅត្រង់មក ប្រកបដោយភាព ស្មោះត្រង់ និងស្វិតស្វាញ ក្នុងស្មារតីយោគយល់គ្នា ហើយបានឈានទៅឯកភាពលើខ្លឹមសារកិច្ចព្រមព្រៀងដែល យើងបានចុះហត្ថលេខានាថ្ងៃនេះ ។ ទន្ទឹមនឹងនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដោយពិនិត្យឃើញមានការ ប្តេជ្ញាខ្ពស់របស់ភាគីទាំងសងខាង ដោយបានដាក់បញ្ចូលគោលការណ៍គន្លឹះៗមួយចំនួន ទៅក្នុងកិច្ចព្រមព្រៀង ម៉្យាង ដើម្បីពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃ ប្រទេសយើងទាំង ២ និងលើកកម្ពស់ភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំរបស់កម្ពុជា ស្របតាមគោលការណ៍គ្រឹះសាកលស្តីពីភាពស័ក្តសិទ្ធក្នុងកិច្ច អភិវឌ្ឍន៍ និង ម៉្យាងទៀត ដើម្បីធានាបានសង្គតិភាពនៃកិច្ចព្រមព្រៀងនេះ ជាមួយនឹងច្បាប់ និងបទបញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ។

            ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក

៤-        ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានបំពេញការងារជាប់រហូតមក ដើម្បីពង្រឹងភាពជាដៃគូ ជាមួយសហរដ្ឋ ឤមេរិក ទាំងវិស័យសាធារណៈ ទាំង វិស័យឯកជន ដើម្បីកៀរគរធនធានសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ជាក់ស្តែង នាថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ១៩៩៥ ខ្ញុំបានចុះហត្ថលេខា ជាមួយឯកឧត្តម  Warran Christopher រដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋឤមេរិក លើកិច្ចព្រមព្រៀង Overseas Private Investment Cooperation (OPIC) ដើម្បីទាក់ទាញ និងជំរុញវិនិយោគិនឤមេរិកឱ្យមកបណ្តាក់ទុននៅកម្ពុជា ។ ទន្ទឹមនឹងនេះ ចាប់ពីដើមសហសវត្សរ៍ មក ខ្ញុំបានចរចាជាមួយ ប្រធាន USAID ទាំងនៅទីស្នាក់ការនៅរាជធានីភ្នំពេញ ទាំងនៅទីស្នាក់ការកណ្តាលនៅ Washington D.C ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាលនៃប្រទេសយើងទាំង ២  និងកៀរគរធនធាន ហិរញ្ញប្បទានសាធារណៈ ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលសហរដ្ឋឤមេរិកបានបំពេញតួនាទី សំខាន់ក្នុងដំណើរការ អភិវឌ្ឍន៍កម្ពុជា ។ ជាក់ស្តែង សហរដ្ឋឤមេរិកបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិស្តីពីការស្តារកម្ពុជា (International Conference on the Reconstruction of Cambodia - ICORC) ឆ្នាំ ១៩៩៤-១៩៩៥ កិច្ចប្រជុំពិគ្រោះយោបល់ (Consultative Group Meeting-CG meeting) ឆ្នាំ ១៩៩៦-២០០៦ និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កម្ពុជា (Cambodia Development Cooperation Forum - CDCF) ចាប់ពីឆ្នាំ ២០០៧មក ព្រមទាំង បាន បំពេញតួនាទីជាប្រធានសម្របសម្រួលខាងដៃគូអភិវឌ្ឍន៍ក្នុងក្រុមការងារបច្ចេកទេសចម្រុះជាច្រើន ។ លើសពីនេះ សហរដ្ឋឤមេរិកក៏ ជាភាគីហត្ថ លេខីក្នុងចំណោម&ដៃគូអភិវឌ្ឍន៍ ១៤ ដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាល នាថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០០៦ លើសេចក្តីប្រកាស សម្រាប់អនុវត្ត ផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលស្តីពី សុដុមនីយកម្ម ក្នុងក្របខ័ណ្ឌនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉ារីស នាថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០០៥ ស្តីពីការ លើកកម្ពស់ ភាពស័ក្តិសិទ្ធនៃហិរញ្ញប្បទានសហប្រតិបត្តិការ ។ លើសពីនេះ ក្នុងពេលចាប់ផ្តើម បំពេញបេសកកម្មការទូតនៅព្រះ រាជាណាចក្រកម្ពុជា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសហរដ្ឋឤមេរិក ឯកឧត្តម William A. Heidt បានគិតគូរអំពី នវានុវត្តន៍ជាច្រើន ដើម្បីបន្តរឹតចំណង មិត្តភាព និងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ទាំងវិស័យសាធារណៈ ទាំងវិស័យឯកជន ។ ជាក់ស្តែង កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាថ្ងៃនេះ គឺជាលទ្ធផលជាផ្លែផ្កា ដំបូងនៃ បេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម William A. Heidt

៥-        តាមតួរលេខដែលត្រូវបានកត់ត្រាក្នុងប្រព័ន្ធទិន្នន័យរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា គិតរហូតដល់ចុងឆ្នាំ ២០១៥ រដ្ឋាភិបាលសហរដ្ឋឤមេរិកបានផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ប្រមាណជាង ១.១០០ លានដុល្លារ ។ ទំហំហិរញ្ញប្បទានឥតសំណងនេះ មិនតំណាងឱ្យទំហំហិរញ្ញប្បទានទាំងស្រុង របស់សហរដ្ឋឤមេរិកនោះឡើយ ព្រោះសហរដ្ឋឤមេរិកបានផ្តល់ហិរញ្ញប្បទានដល់ស្ថាប័នអន្តរជាតិ និង ស្ថាប័ន ពហុភាគីជាច្រើន ទន្ទឹមនឹងការអនុវត្តកម្មវិធីថ្នាក់តំបន់ ដែលកម្ពុជាបានទទួលផលពីកិច្ចសហប្រតិបត្តិការនេះ ។ ក្នុង ស្មារតីនេះ ទម្រង់ និង ធនធានសហប្រតិបត្តិការដូចជម្រាបខាងលើ បានបំពេញបន្ថែមឱ្យហិរញ្ញប្បទានក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឤមេរិក ។ ហិរញ្ញ ប្បទានឥតសំណងដែលបានផ្តល់កន្លងមក ពិតជាបានរួម ចំណែកគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ។

              លោកជំទាវ ឯកឧត្តម លោកស្រី អស់លោក

៦-        ខ្ញុំយល់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃនេះ គឺជាការចុះហត្ថលេខាលើកចុងក្រោយរបស់ខ្ញុំ ក្នុង នាមរាជរដ្ឋាភិបាលកម្ពុជា ។ ទោះ បីមានការផ្លាស់ប្តូរប្រតិបត្តិករខ្លះក្នុងពេលដ៏ខ្លីខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាក៏ដោយ ខ្ញុំនៅតែជឿជាក់លើស្ថាប័នមួយនេះ ហើយឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ សុខ ចិន្តាសោភា និងឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា នឹងបន្តបំពេញការងារដោយជោគជ័យ ស្របតាមការប្រគល់ភារកិច្ច និងជំនឿ ទុកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

៧-       ជាថ្មីម្តងទៀត តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណជូនឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋឤមេរិកប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Rebacca Black ប្រធាន USAID ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ និងសូមស្នើឯកឧត្តម ឯកអគ្គរដ្ឋទូតមេត្តាពាំនាំនូវអំណរគុណ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋាភិបាលសហរដ្ឋឤមេរិក ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង ដ៏មាន សារៈសំខាន់ទាំងនេះ ។ រាជរដ្ឋាភិបាលកម្ពុជាមានជំនឿជឿជាក់ថា ការផ្តល់ហិរញ្ញប្បទានដូចមានចែងក្នុងកិច្ចព្រមព្រៀងទាំងនេះ គួបផ្សំនឹង ភាព ជាដៃគូរវាងប្រទេសយើងទាំង ២ នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អនុវត្តឱ្យបានសម្រេចនូវបណ្តាគោលដៅដូចមានចែងក្នុងយុទ្ធ សាស្ត្រ ចតុកោណ-ដំណាក់កាលទី ៣ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជារបៀបវារៈក្រោយឆ្នាំ ២០១៥ ស្តីពីគោលដៅអភិវឌ្ឍន៍្របកប ដោយចីរភាពដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការគាំទ្រក្នុងកិច្ចប្រជុំ​ អង្គការសហប្រជាជាតិ នាថ្ងៃទី ២៥-២៧ ខែ កញ្ញា ឆ្នាំ២០១៥ នៅទីក្រុងញូវយ៉ក ។ ជាទីបញ្ចប់ ក្នុងឱកាសចូល ឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជនកម្ពុជា ដែលនឹងឈានមកដល់ ក្នុង ២ សប្តាហ៍ខាងមុខ ខ្ញុំសូមប្រសិទ្ធិពរជូនឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋឤមេរិក និងលោកជំទាវ ព្រម ទាំងបុត្រាបុត្រី លោកជំទាវ Rebecca Black ប្រធាន USAID និងគ្រួសារ ព្រមទាំងមន្ត្រីនៃស្ថានទូតសហរដ្ឋឤមេរិក និង USAID សូមទទួលបាននូវ សុខភាពល្អបរិបូណ៌ សុភមង្គល និងជោគជ័យក្នុងពេលបំពេញបេសកកម្មការទូតដ៏ឧត្តុងឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ។

            សូមអរគុណ ៕