សេចក្តីជូនព័ត៌មាន
Press Release
|
(ភ្នំពេញ) នាថ្ងៃច័ន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០១៩ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បាន អនុញ្ញាតឲ្យឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផល សំខាន់ៗជាច្រើន ទាំងនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សង្គម ទាំងការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ។ រាជរដ្ឋាភិបាលបន្តរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ ទស្សវត្សរ៍ចុងក្រោយ ទន្ទឹមនឹងចំណូលរបស់ប្រជាជនម្នាក់បានកើនដល់ជាង ១.៤៥០ដុល្លារ ក្នុងឆ្នាំ២០១៧ ។ ប្រការនេះបានធ្វើឲ្យកម្ពុជាសម្រេចឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតទាប ។ ដោយទ្បែក ក្នុងឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចសម្រេចបាន ៧,៥% ដែលជាកំណើនខ្ពស់ជាងគេ ក្នុង រយៈពេល ១០ឆ្នាំចុងក្រោយ និងប្រមាណ ៧,១% ក្នុងឆ្នាំ២០១៩ ដោយសារភាពកាន់តែរឹងមាំនៃវិស័យឯកជន, ទេសចរណ៍ និងសំណង់ ក៏ដូចជា កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសធុរកិច្ច ។ ចំណូលរបស់ប្រជាជនម្នាក់កើនឡើងដល់ ១.៥៦៨ ដុល្លារ ក្នុងឆ្នាំ២០១៨ និងបន្តកើនដល់ប្រមាណ ១.៦៧៩ ដុល្លារ ក្នុងឆ្នាំ២០១៩ ។ រីឯអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅត្រឹមក្រោម ១០% និងគម្លាត នៃចំណូលក្នុងចំណោមប្រជាជនស្ថិតក្នុងកម្រិតទាប តាមរយៈការបែងចែកផ្លែផ្កានៃកំណើនដល់ប្រជាជនគ្រប់ស្រទាប់ ។
ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានសម្ដែងនូវការអបអរសាទរនិង កោតសរសើរចំពោះ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ដែលកម្ពុជាសម្រេចបាន និងគោលដៅប្រកបដោយមហិច្ឆតា ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០ ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ក៏បានប្ដេជ្ញាបន្តនិងពង្រឹង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏ជាមួយកម្ពុជាដោយពង្រីកវិសាភាពគ្របដណ្ដប់លើវិស័យយុទ្ធសាស្រ្តផ្សេងទៀត ។
សូមបញ្ជាក់ថា រហូតដល់ឆ្នាំ២០១៩ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណជាង ៦៤០ លានដុលា្លរ ស្មើនឹងប្រមាណ ៣% នៃទំហំហិរញ្ញប្បទានទាំងអស់ ។ ទំហំហិរញ្ញប្បទាននេះមិនរាប់បញ្ចូលទាំងហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់បានផ្តល់ឱ្យកម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬ តាមរយៈសា្ថប័នហិរញ្ញវត្ថុអន្តរជាតិ, បណ្តាញ អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប ។ ដោយទ្បែក ក្នុងឆ្នាំ២០១៨ -២០១៩ ហិរញ្ញប្បទានឥតសំណងទ្វេភាគីរបស់អាល្លឺម៉ង់មានប្រមាណ ៣០ លានដុល្លារ ក្នុងមួយឆ្នាំ ។
កិច្ចសហប្រតិបតិ្តការបានផ្តោតលើវិស័យអាទិភាពចំនួន៣ រួមមាន ៖ ១) វិស័យអភិវឌ្ឍន៍ជនបទ (ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន), ២) វិស័យសុខាភិបាល (ការគាំពារសុខមាលភាពសង្គម, សន្តិសុខស្បៀង និង អាហារូបត្ថម្ភ) និង ៣) វិស័យអភិបាលកិច្ច (វិស័យយេនឌ័រ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ) ដែលបានឆ្លើយតបទៅនឹងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣, ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងផែនការ និងយុទ្ធសាស្រ្ត អភិវឌ្ឍន៍តាមវិស័យ ។
ផ្អែកតាមលទ្ធផលនៃកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងប៊ែកឡាំង, ភាគីទាំងសងខាងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកន្លងមក ហើយឯកភាពបន្តកិច្ចសហការ លើវិស័យអាទិភាព ៣ គឺ ៖ វិស័យអភិវឌ្ឍន៍ជនបទ, សុខាភិបាលនិងគាំពារសង្គម និងអភិបាលកិច្ច ។ បន្ទាប់ពីបានពិភាក្សាលើគម្រោងរួចមក ភាគីអាល្លឺម៉ង់បានសន្យា ផ្តល់កញ្ចប់ហិរញ្ញប្បទាន ចំនួន ៤៨,៦០លានអឺរ៉ូ (សមមូលនឹង ៥៤,៤០លានដុល្លារ) សម្រាប់ឆ្នាំ២០១៩-២០២០ ក្នុងនោះឥណទានសម្បទាន ៣០លានអឺរ៉ូ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងហិរញ្ញប្បទានឥតសំណង ចំនួន ១៨,៦០លានអឺរ៉ូ ។ បើបូកបញ្ចូលឥណទានសម្បទានដែលបានប្រកាសផ្តល់នាចុងឆ្នាំ២០១៨ ចំនួន ៣០ លានអឺរ៉ូ សម្រាប់ប្រព័ន្ធចែកចាយថាមពលអគ្គិសនី, ទំហំ ហិរញ្ញប្បទានសរុបបានកើនដល់ ៧៨,៦០លានអឺរ៉ូ ។ ការផ្តល់ឥណទានសម្បទានជាលើកដំបូង ទន្ទឹមនឹងការកាត់បន្ថយទំហំហិរញ្ញប្បទាន ឥតសំណងរបស់អាល្លឺម៉ង់នេះ មានលក្ខណៈស្របនឹងនិន្នាការទូទៅនៃប្រទេសដែលសម្រេចបានឋានៈប្រទេសមានចំណូលមធ្យម ។
កញ្ចប់ហិរញ្ញប្បទាន ចំនួន ៤៨,៦០លានអឺរ៉ូនេះ ត្រូវបានបែងចែកដូចតទៅ ៖ ទី១-វិស័យអភិវឌ្ឍន៍ជនបទ ចំនួន ៣៨,១០ លានអឺរ៉ូ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ៣០,១០ លានអឺរ៉ូ និងគម្រោងស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ៨ លានអឺរ៉ូ; ទី២-វិស័យសុខាភិបាល និងគាំពារសង្គម ៣,៣០ លានអឺរ៉ូ សម្រាប់គម្រោងគាំពារសុខភាពសង្គម ២ លានអឺរ៉ូ និងគម្រោងអត្តសញ្ញាណគ្រួសារក្រីក្រ ១,៣០ លានអឺរ៉ូ; ទី៣-វិស័យអភិបាលកិច្ច ៥ លានអឺរ៉ូ សម្រាប់គម្រោងគណនេយ្យភាពសង្គម និងទី៤-សេវាប្រឹក្សា និងការស្រាវជ្រាវ ២,២០លានអឺរ៉ូ ។ ដើម្បីអនុវត្តការសន្យាផ្តល់ហិរញ្ញប្បទាននេះ ភាគីអាល្លឺម៉ង់បានស្នើចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចសហ ប្រតិបត្តិការបច្ចេកទេស ឆ្នាំ២០១៩-២០២០ នាចុងឆ្នាំ ២០១៩ ខាងមុខនេះ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន និងកំពុងពិនិត្យលើខ្លឹមសារ និងចរចាលើលក្ខខណ្ឌនានា ដែលមានចែងក្នុង សេចក្តីព្រាងកិច្ចព្រមព្រៀងទាំងពីរ រួមទាំងលក្ខខណ្ឌនានានៃឥណទានសម្បទានជាមួយភាគីអាល្លឺម៉ង់ ហើយគ្រោងនឹងបញ្ចប់នាចុងខែតុលានេះ ។ លើសពីនេះ ក្រោមឆ័ត្រនៃកម្មវិធីសកលស្តីពីគំនិតផ្តួចផ្តើម ពិសេស “ពិភពលោកមួយ-គ្មានភាពអត់ឃ្លាន” (One World-No Hunger Initiative) អាល្លឺម៉ង់បានគាំទ្រការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ សម្រាប់ “គម្រោងអាហារូបត្ថម្ភកម្ពុជា” ចំនួន ១០ លានអឺរ៉ូ ដែលជាគម្រោងរួមគ្នាជាមួយធនាគារពិភពលោក និងអូស្ត្រាលី ។
ភាគីអាល្លឺម៉ង់ក៏បានរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ថា្នក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា, ការផ្តល់អ្នកជំនាញការ, អ្នកស្ម័គ្រចិត្ត និងជំនួយបច្ចេកទេសនានាដល់ក្រសួង និងសា្ថប័ននៃរាជរដ្ឋាភិបាល ។ ទន្ទឹមនេះ ភាគីអាល្លឺម៉ង់បាន និងកំពុងចូលរួម គាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ តាមរយៈ ការការគាំទ្រវិស័យ ឯកជន, ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការកៀរគរវិនិយោគិនអាល្លឺម៉ង់មកកម្ពុជា ។
|
|
|
|
|
|
|
|
|
|