ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



             រាជរដ្ឋាភិបាល

      ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា



 

សេចក្តីប្រកាសព័ត៌មាន

          

          នាព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៩:០០ ព្រឹក នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាស្តីពីការធ្វើអង្កេត (Request Survey Workshop) សម្រាប់រៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពី សាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ ២០១៨ ។ សិក្ខាសាលានេះដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងតំណាងរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ។ ភាគីកូរ៉េដឹកនាំដោយលោកស្រី Baek Sook-hee ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េប្រចាំកម្ពុជា អមដោយមន្ត្រីជំនាញនៃទីភ្នាក់ងារ KOICA ។

          គោលដៅចម្បងនៃសិក្ខាសាលានេះគឺ ការបង្កើនការយល់ដឹងអំពីកម្មវិធីផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េប្រចាំកម្ពុជា និងការរៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ដើម្បីធានាឱ្យមានសង្គតិភាពជាមួយកម្មវិធីផ្តល់ហិរញ្ញប្បទានសហប្រតិ បត្តិការរបស់កូរ៉េ និងឤទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៣ ។

           អង្គសិក្ខាសាលាបានផ្តោតលើរបៀបវារៈសំខាន់ ២ គឺ :

          -គោលនយោបាយ និងឤទិភាព ព្រមទាំងនីតិវិធីនៃការផ្តល់ហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិកូរ៉េ

          -ការរៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ ២០១៨ ។

       អង្គសិក្ខាសាលាបានដំណើរការ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងគោលដៅបន្តពង្រឹងភាពជាដៃគូ ក្នុងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង ២ ។ អង្គសិក្ខាសាលាបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងបានបកស្រាយបំភ្លឺពី សំណាក់ភាគីពាក់ព័ន្ធ សម្រាប់រៀបចំសំណើគម្រោង និង កម្មវិធីហិរញ្ញប្បទានឥតសំណង ។

         ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំង ២ បើគិតត្រឹមឆ្នាំ ២០១៥ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានផ្តល់ ហិរញ្ញប្បទានប្រមាណ ៤៧៩ លានដុល្លារឤមេរិក ។ ក្នុងឆ្នាំ ២០១៥ សាធារណរដ្ឋកូរ៉េបានផ្តល់ហិរញ្ញប្បទានប្រមាណ ៥៦លាន ដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណងចំនួន ៣១ លានដុល្លារ និងកម្ចីសម្បទានចំនួន ២៥ លានដុល្លារ ។ ហិរញ្ញប្បទាន ទាំងនេះត្រូវបានប្រើប្រាស់សម្រាប់គាំទ្រដល់វិស័យឤទិភាពចំនួន ៤ គឺ: វិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល និងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ។ ក្នុងឆ្នាំ ២០១៦ ទំហំហិរញ្ញប្បទានឤចកើនដល់ ៧៨ លានដុល្លារ ក្នុងនោះទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ (KOICA) គ្រោងបើកផ្តល់ហិរញ្ញប្បទាន ឥតសំណង ចំនួន ២៣ លានដុល្លារ ។ នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់កូរ៉េក្នុងកិច្ចសហប្រតិបត្តិការ ទោះបីកម្ពុជាកំពុង ឈានឡើងពីចំណាត់ថ្នាក់នៃ ប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក៏ដោយ ។ រាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហការ ល្អរវាងប្រទេសទាំង ២ និងសូមសំដែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានបន្តផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លាសម្រាប់ គាំទ្រដល់កិច្ចប្រឹងប្រែងរបស់រជារដ្ឋាភិបាល ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ។

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦